ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការហើយ ក្រោយរកបាន ៧៣ពិន្ទុ នាំមុខ ១០ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ និងសល់ ៣ប្រកួតក្នុងដៃ ។ លើសពីនេះ ក៏មានពានធំៗ ២ ទៀត កំពុងរង់ចាំក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះផងដែរ។
ការគ្រងជើងឯកលីគកំពូលកម្ពុជា មុនបិទបញ្ចប់រដូវកាលនេះ បន្ទាប់ពីព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើលដ៏ ២-១ ក្នុងជំនួបសប្ដាហ៍ទី៣១ កាលពីរាត្រីថ្ងៃពុធកន្លងទៅ។ ជំនួបដ៏តានតឹងនេះ កីឡាករ Cristian Dos Santos បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន នៅវគ្គទី១ មុនកីឡាករ Hugo Kametani វាយបកតាមស្មើឲ្យណាហ្គាវើលដ៏ នៅនាទី៥០។
បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង រហូតដល់ចុងម៉ោង ទើបកីឡាករ Takashi Odawara រកបានគ្រាប់ទី២ នៅនាទី៩០+៧ ដែលជាគ្រាប់បាល់ជ័យជម្នះ ហើយជាគ្រាប់បាល់ ជួយឲ្យព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ដោយស្វ័យប្រវត្តិផងដែរ។
ទន្ទឹមជាមួយភាពជោគជ័យក្នុងការការពារតំណែងជើងឯកលីគកំពូលកម្ពុជានេះដែរ ព្រះខ័នរាជស្វាយរៀង នៅសល់ឱកាសប្រជែងពានចំនួន ២ទៀត រួមមានពានរង្វាន់ AFC Challenge League 2024/25 ដោយពួកគេ ត្រូវជួបក្រុមភ្ញៀវ FK Arkadag របស់ប្រទេសតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។
មួយទៀត គឺពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ ដោយបច្ចុប្បន្នព្រះខ័នរាជស្វាយរៀង កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឆ្លងកាត់ការប្រកួតជើងទី១ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្មីៗ បានយកឈ្នះក្រុមបឹងកេត ១-០ ។ រីឯការប្រកួតជើងទី២ នឹងធ្វើឡើងនាថ្ងៃទី១៤ ខែឧសភាខាងមុខ នៅកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីកាត់សេចក្ដីក្រុមឈ្នះ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវជួបក្រុមឈ្នះ រវាងភ្នំពេញក្រោន និងវិសាខា ដែលទើបប្រកួតស្មើគ្នា ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ(ជើងទី១) កាលពីយប់មិញ៕