ទិវារត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ(Women Run 10K) ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា បានទាក់ទាញ កីឡាករ កីឡាការិនី ជាង ៤០០០នាក់ចូលរួម ពោលគឺមានការកើនឡើងប្រមាណ ២០% បើធៀបកាលពីឆ្នាំមុន ខណៈមានអ្នករត់ជាស្ដ្រីរហូតដល់ ៦៥%។ នេះបើតាមការបញ្ជាក់របស់ គណៈកម្មការរៀបចំ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ នៅសួនច្បារមុខ វត្តបទុមវតី រាជធានីភ្នំពេញ។

លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរសាទរ ខួបលើកទី១១៥ នៃទិវាអន្តរជាតិនារី ៨ មីនា ជាពិសេស ដោយមានការចូលរួមទាំងបុរស និងនារី ដែលបង្ហាញពីការរួបរួមសាមគ្គីគ្នា ក្នុងវិស័យកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព និងបរិយាបន្ន។
លោកជំទាវ បានបន្ដទៀតថា បច្ចុប្បន្នវិស័យកីឡាមានភាពផុលផុសខ្លាំង ហើយស្ត្រីក៏បានដើរតួនាទីយ៉ាងសំខាន់ផងដែរ។ ក្នុងន័យនេះ លោកជំទាវ បានបង្ហាញនូវមោទនភាព ចំពោះការចូលរួមរបស់ ស្ត្រី នៅក្នុងវិស័យកីឡា ហើយលោកជំទាវនឹងបន្តជំរុញឱ្យមានការចូលរួមពី ក្មេងស្រី និង ស្ត្រីគ្រប់រូប ចូលរួមលេងកីឡាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីសុខភាពខ្លួនឯងផង និងសុខដុមរម្យនាក្នុងសង្គមជាតិផង។

លោក សែម ផល្លា នាយកបច្ចេកទេស គណៈកម្មការម៉ារ៉ាតុងនៅកម្ពុជា បានបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ ឆ្នាំ២០២៦ នេះ ទទួលបានការចូលរួមកើនឡើង ២០% បើប្រៀបធៀបនឹងឆ្នាំមុន ដោយឆ្នាំនេះមានអ្នករត់ជាតិ-អន្តរជាតិជាង ៤០០០នាក់ ហើយក្នុងនោះអ្នករត់ជាស្ត្រីមានរហូតដល់ ៦៥% ដែលមានការកើនឡើងផងដែរ ស្របទៅនឹងការចង់បានរបស់ គណៈកម្មការរៀបចំ ដែលចង់បំផុសចលនាស្ដ្រីក្នុងវិស័យកីឡា។

ក្នុងនាមគណៈកម្មការរៀបចំ លោកបានបង្ហាញនូវឆន្ទៈយ៉ាងមោះមុត សម្រាប់ឆ្នាំ ២០២៧ ខាងមុខ គណៈកម្មការរៀបចំនឹងប្រឹងប្រែងរៀបចំឱ្យកាន់តែល្អប្រសើរ និងបំផុសស្មារតីដល់មហាជនចូលរួមរត់ប្រណាំងឱ្យបានច្រើនជាងឆ្នាំ២០២៦ ដោយ លោក បានដាក់គោលដៅថា នឹងអាចកើនឡើងដល់ ៥០០០នាក់ តាមរយៈការបំផុសផ្សព្វផ្សាយឱ្យកាន់តែទូលាយ ជាពិសេសបើកការចុះឈ្មោះឱ្យបានច្រើនខែ មុនព្រឹត្តិការណ៍ចូលមកដល់៕