ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងមហាសន្និបាតគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្ដីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែល NOCC សម្រេចបាន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗដោយ សូមអង្គមហាសន្និបាតទាំងមូល និងភាគីពាក់ព័ន្ធកីឡាទាំងអស់បន្តជឿជាក់ និងផ្តល់សេចក្តីទុកចិត្តដល់រាជរដ្ឋាភិបាល ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តរួមគ្នាក្នុងការគោរព និងអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយកីឡាជាតិ គោលការណ៍គន្លឹះនានាក្នុងការធ្វើកំណែទម្រង់លើវិស័យកីឡាជាប្រចាំ។

ទន្ទឹមនឹងនេះ ការពង្រឹងស្មារតីសាមគី្គភាព និងធ្វើសុខដុមនីយកម្មការងារកីឡាជាតិត្រូវបានឯកឧត្ដមនាយករដ្ឋមន្ត្រីចាត់ទុកជាចលកសំខាន់ដែលជំរុញដល់ការអភិវឌ្ឍកីឡាជាតិ។ ក្នុងនោះឯកឧត្តមបានជំរុញភាគីពាក់ព័ន្ធត្រូវគោរពតួនាទី ភារកិច្ចរៀងៗខ្លួន និងពិភាក្សាពិគ្រោះយោបល់គ្នាជាប្រចាំក្នុងពេលធ្វើការកីឡាជាមួយគ្នា ជៀសវាងបង្កទំនាស់វិវាទគ្នាដោយហេតុផលផ្សេងៗ ពិសេសទំនាស់ផលប្រយោជន៍ក្នុងកីឡា ត្រូវចៀសវាងដាច់ខាត។ ទន្ទឹមនឹងនេះ ត្រូវពង្រឹងសមត្ថភាពគ្រប់គ្រងដឹកនាំអង្គការកីឡារបស់ខ្លួន តាមរយៈការគ្រប់គ្រងតាមប្រព័ន្ធអភិបាលកិច្ចល្អ គឺតម្លាភាព គណនេយ្យភាព សុចរិតភាព សក្តិសិទ្ធិភាព និងមានភាពជាអ្នកដឹកនាំទៅលើវិស័យកីឡា។ ពង្រឹង និងពង្រីកចំណេះដឹង ឯកទេសកីឡា ដោយធ្វើទំនើបកម្មតាមនិន្នាការរីកចម្រើនរបស់វិទ្យាសាស្រ្តកីឡាជាប្រចាំ ពិសេសអភិវឌ្ឍមូលធនមនុស្សជំនាញឯកទេសកីឡា ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការថែទាំ ឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី ដែលមានគុណផលកម្រិតខ្ពស់ឱ្យបានទៀងទាត់។

ជាមួយគ្នានេះ ការលើកកម្ពស់កីឡាស្អាតស្អំ តាមរយៈការសិក្សាស្រាវជ្រាវ និងការត្រៀមអនុវត្តក្រមរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក(WADA) ឆ្នាំ២០២៧ ដើម្បីប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាក៏ត្រូវបានឯកឧត្ដមជំរុញផងដែរ។ លើកទឹកចិត្តឱ្យខិតខំសិក្សារៀនសូត្រ និងប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការជួយដល់ការគ្រប់គ្រងកីឡា និងការអភិវឌ្ឍបច្ចេកទេសកីឡា ក៏ជាអនុសាសន៍ដ៏សំខាន់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។

ជុំវិញអង្គមហាសន្និបាតដែលបានប្រព្រឹត្តទៅយ៉ាងឱឡារិកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញការគាំទ្រដល់ការរៀបចំបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំអាណត្តិថ្មី ប្រចាំឆ្នាំ២០២៦-២០៣០ បានដំណើរការដោយជោគជ័យតាមនីតិវិធី និងអនុលោមភាពតាមធម្មនុញ្ញអូឡាំពិក៕