គិតមកទល់ពេលនេះ មានរយៈពេល៤ឆ្នាំមកហើយដែល វណ្ណា លីហៀង បានប្រលូកក្នុងកីឡាប្រដាល់សកល និងបានក្លាយជាកីឡាករក្រុមជម្រើសជាតិមួយរូប។
កីឡាករមានប្រភពពីក្រុងតាខ្មៅ ខេត្តកណ្ដាល រំឭកថា ការចូលហ្វឹកហាត់កីឡាប្រដាល់សកល ព្រោះចាប់អារម្មណ៍ពេលបានទស្សនាការប្រកួតលក្ខណៈអន្តរជាតិ។

បន្ទាប់មកគេក៏បានសម្រេចចិត្តចូលហ្វឹកហាត់នៅក្លិបអារុណរះកីឡាជាលក្ខណៈសុខភាព។ តែពេលបានចូលមួយរយៈ លីហៀង ត្រូវបានគ្រូបង្វឹកផ្ដល់ឱកាសឡើងប្រកួត ហើយទទួលបានជ័យជម្នះ។ ចាប់តាំងពីពេលនោះមក គេកាន់តែមានទឹកចិត្តហ្វឹកហាត់ និងតស៊ូរហូតទទួលបានឱកាសជាប់ជម្រើសជាតិ។

វណ្ណា លីហៀង អះអាងថា នឹងខិតខំប្រឹងប្រែងសម្រួចសមត្ថភាពកាន់តែខ្លាំងក្នុងអាជីពជាកីឡាករប្រដាល់សកលនេះ ព្រោះមានបំណងចង់ឈ្នះមេដាយជាលក្ខណៈអន្តរជាតិជូនជាតិមាតុភូមិកំណើត។ គេថា ទោះបីកីឡាប្រដាល់សកលមិនសូវមានទីផ្សារក្នុងស្រុក ក៏គេមិនបាក់ទឹកចិត្តឡើយ។

ជុំវិញការបង្កើតកម្មវិធី Dragon the Golden Ring ដែលមានការរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការសហការ និងឧបត្ថម្ភពីក្រុមហ៊ុនវឌ្ឍនៈ វណ្ណា លីហៀង ពិតជាសប្បាយចិត្ត និងជាឱកាសល្អសម្រាប់កីឡាករ កីឡាការិនីគ្រប់រូប។ ដូច្នេះ គេនឹងខិតខំប្រឹងប្រែងប្រកួតឱ្យបានល្អ និងជក់ចិត្តដើម្បីទាក់ទាញការឧបត្ថម្ភគាំទ្រយូរអង្វែងទៀត៕