កីឡាករប្រដាល់សកលលេចធ្លោ ហ៊ុន គឹមហៀង បានទទូចមិត្តរួមអាជីពត្រូវរក្សាការហ្វឹកហាត់យ៉ាងខ្ជាប់ខ្ជួន ដើម្បីថែរក្សាគុណផលឱ្យបានល្អ ពោលកុំចាំតែមានការប្រកួត ឬជិតដល់ថ្ងៃប្រកួត ទើបខិតខំសំរុកបុកហ្វឹកហាត់។
សមាជិកក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជាសង្កត់ធ្ងន់ថា ការហ្វឹកហាត់ជាប្រចាំធ្វើឱ្យកីឡាករ កីឡាការិនីអាចរក្សាកម្លាំង និងបច្ចេកទេសល្អពេលឡើងប្រកួតជាក់ស្ដែង។
ហ៊ុន គឹមហៀង លម្អិតបែបនេះ "ពេលយើងបានហ្វឹកហាត់ជាប់លាប់ ធ្វើឱ្យយើងបត់បែនបានល្អ អត់គាំង ចេះញាក់អីល្អ មានកម្លាំង។ ពេលយើងខានយូរ អាចពិបាក យឺត គាំង។ អ៊ីចឹងកីឡាករ កីឡាការិនីយើងទាំងអស់ត្រូវប្រឹងហ្វឹកហាត់ កុំចាំតែមានឈ្មោះប្រកួត បានខំ កុំទុកវាចោល "។
ហ៊ុន គឹមហៀង បានខកខានប្រកួតកីឡាប្រដាល់សកលជាងមួយឆ្នាំមកហើយ។ ប៉ុន្តែគេថា មិនមានបញ្ហាអ្វីឡើយព្រោះនៅតែរក្សាការហ្វឹកហាត់ជាប្រចាំ។ ដូច្នេះសម្រាប់ការប្រកួតប្រចាំខែ Dragon the Golden Ring នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ គេត្រៀមខ្លួនបានយ៉ាងល្អ រួចជាស្រេច ហើយប្ដេជ្ញានឹងធ្វើឱ្យកក្រើកជូនទស្សនិកជនបានទស្សនា។
កីឡាករមានប្រភពពីខេត្តសៀមរាបក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនវឌ្ឍនៈដែលបានជួយរៀបចំ និងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធី Dragon the Golden Ring ដែលជាកត្តារួមចំណែកសំខាន់ដល់ការអភិវឌ្ឍកីឡាប្រដាល់សកលនៅកម្ពុជា៕