ដោយមើលឃើញថា ការប្រកួតកីឡាប្រដាល់សកលអាជីព Dragon the Golden Ring ខែទី២ កាលថ្ងៃសុក្រ ទី២៧ ខែមីនា ទទួលបានការគាំទ្រកាន់តែផុសផុលជាងខែដំបូងទៀតនោះ លោក ប៊ុយ សុវភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្ហើបថា ការប្រកួតខែទី៣ គឺចុងខែមេសា ខាងមុខ នឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារី។

ប្រមុខសហព័ន្ធដដែលក៏បានមើលឃើញពីការខិតខំយ៉ាងស្វិតស្វាញក្នុងការប្រកួតគូអន្តរជាតិនារីលើកដំបូង ក្នុងខែទី២នេះ ដូច្នេះហើយ បានជាលោកបញ្ជាក់ថា សហព័ន្ធនឹងបន្តរៀបចំគូនារីអន្តរជាតិបន្តទៀតក្នុងខែខាងមុខដែលជាផ្នែកមួយនៃផែនការអភិវឌ្ឍន៍ធនធានកីឡាការិនី។

ទន្ទឹមនឹងនេះ ក្នុងកម្មវិធី Dragon the Golden Ring ខែទី២ដូចគ្នា ការប្រកួតត្រូវបានភ្ជាប់នឹងគោលបំណងចម្រាញ់យកកីឡាករឆ្នើមចូលជំរំជម្រើសជាតិដើមខែមេសា ខាងមុខ។ ជាក់ស្ដែងកីឡាកេ ហ៊ុន គឹមហៀង បានយកឈ្នះកីឡាករ ខឿន សីហា ស្រវាបានកៅអីជម្រើសជាតិប្រដាល់សកលកម្ពុជាសម្រាប់ប្រភេទទម្ងន់៧០គីឡូក្រាម។

លោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងដែរថា សម្រាប់សមាសភាពជម្រើសជាតិទាំងអស់មានកីឡាករ៩រូប និងកីឡាការិនីមួយរូប ព្រមទាំងធនធានថ្នាលជម្រើសជាតិអាយុ១២-១៣ឆ្នាំចំនួន៥រូប។ បន្ទាប់ពីបានចូលហ្វឹកហាត់ក្នុងជំរំជម្រើសជាតិ កីឡាករ កីឡាការិនី ក៏នឹងត្រូវបានរៀបចំឱ្យចូលរួមប្រកួតកម្មវិធីប្រចាំខែ Dragon the Golden Ring ដើម្បីដុសខាត់សមត្ថភាពបន្ថែមត្រៀមព្រឹត្តិការណ៍អន្តរជាតិនាពេលខាងមុខ៕