ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរ (Ultra Trail Angkor-UTA) លើកទី៩ បានប្រព្រឹត្តទៅក្រោមបរិយាកាសដ៏រីករាយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ ។ ទោះបីអត្តពលិកមួយចំនួនធំ ត្រូវចំណាយពេលច្រើនម៉ោង ដើម្បីបញ្ចប់វិញ្ញាសារត់ចម្ងាយឆ្ងាយ ពិសេសរត់ ១០០គីឡូម៉ែត្រ តែអ្នកចូលរួម សុទ្ធតែបានបង្ហាញនូវទឹកមុខរីករាយ ជាមួយបទពិសោធន៍ដ៏អស្ចារ្យ នៃការរត់ប្រណាំងឆ្លងកាត់ឧបសគ្គលើទឹកដីអច្ឆរិយអង្គរ។

យោងតាមរបាយការណ៍គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ គឺមានអត្តពលិកជាតិ-អន្ដរជាតិចូលរួមសរុបចំនួន ១,៧៤០នាក់ មកពី ៥២ប្រទេស ខណៈកីឡាករ-កីឡាការិនីចូលរួមច្រើនជាងគេ មានកម្ពុជា បារាំង អង់គ្លេស អាមេរិក និងវៀតណាម ដោយធ្វើការរត់លើ ៦វិញ្ញាសា រួមមាន ៨គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ និង ១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅតំបន់អង្គរនេះ បានបង្កើតឡើងនៅឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន Phonenix Voyages និងមានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ជាដើម៕
