ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន គណៈកម្មការអត្តពលិកកម្ពុជា បានលើកបង្ហាញថា វិទ្យាសាស្ត្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់ គ្រូបង្វឹក អត្តពលិក ក្នុងការបង្វឹក និងហាត់ហ្វឹកហ្វឺន បំប៉នគុណភាព បច្ចេកទេស ជាពិសេស ការឈ្វេងយល់អំពីការបង្ការ មុនពេលគ្រោះថ្នាក់។ នេះជាការថ្លែងលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល វិទ្យាស្ត្រកីឡា ជូនដល់ គ្រូបង្វឹក អត្តពលិក មកពី ៤០សហព័ន្ធកីឡាជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន បានជំរុញឱ្យ សិក្ខាកាម យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពី គ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រីកចំណេះដឹង ជួយឱ្យការបង្ហាត់ឆ្ពោះទៅរកគុណភាព។ ឯកឧត្តមក៏បានបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលបែបនេះ យើងមានបំណងរៀបចំឱ្យបានញឹកញាប់ ពោល គឺអាចធ្វើឡើងជារៀងរាល់ខែ ដើម្បីបញ្ជ្រាប ចំណេះដឹង ពីភាពទូលំទូលាយ នៃវិទ្យាស្ត្រកីឡាឱ្យដល់ គ្រូបង្វឹក និងអត្តពលិកកម្ពុជា មានចំណេះដឹងកាន់តែប្រសើរបន្តិចម្តងៗ ពីព្រោះថា វគ្គបណ្តុះបណ្តាលតែម្តង មិនអាចធ្វើឱ្យ សិក្ខាកាម ចាប់បានទាំងអស់នោះទេ។

ឯកឧត្តម បានណែនាំថា ការថែរក្សាសុខភាព ឬការថែរក្សាគ្រោះថ្នាក់ ក្នុងអំឡុងពេលហ្វឹកហាត់ និងក្រោយពេលហ្វឹកហាត់ គឺជាផ្នែកមួយ នៃ វិទ្យាស្ត្រកីឡា។ ជាមួយគ្នានេះ លោក ហែម គីរី អនុប្រធាន គណៈកម្មការអត្តពលិកកម្ពុជា ក៏បានលើកទឹកចិត្តដល់ សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពី គ្រូឧទ្ទេស ប្រចាំវគ្គសិក្សានេះ ដែលធ្លាប់មានបទពិសោធន៍ជាង ១៥ ឆ្នាំឱ្យបានល្អប្រសើរ ដើម្បីបន្ត អភិវឌ្ឍជំនាញកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវិទ្យាស្ត្រកីឡា ជូនដល់ គ្រូបង្វឹក មានសិក្ខាកាមដែលជាគ្រូបង្វឹកចូលរួមចំនួន ១១២ នាក់មកពី ៤០ សហព័ន្ធកីឡាជាតិ៕
