ភ្នំពេញ៖ នារសៀលថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកោះអញ្ជើញ កីឡាករ កីឡាការិនី ប្រដាល់សកល ដែលជាប់ជាជម្រើសជាតិក្នុងឆ្នាំ២០២៦ មកទទួលយកការណែនាំអំពី ច្បាប់ វិន័យ និង លក្ខន្តិកៈដែលកំណត់ដោយ សហព័ន្ធ មុននឹងចូលរួមនៅក្នុងជំរុំហ្វឹកហាត់។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានគូសបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកហាត់ក្នុងជំរុំរបស់ ក្រុមជម្រើសជាតិ ប្រដាល់សកលកម្ពុជា គឺចាប់ផ្តើមពីថ្ងៃទី ១ ខែ មេសា រហូតដល់ថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ២០២៦ ទើបរំសាយ។
លោកថា ការជួបជុំនាពេលនេះ គឺដើម្បីពិនិត្យ រៀបចំសម្រាប់ កីឡាករថ្នាល ធ្វើការសម្របសម្រួលជួយផ្តល់ នូវភាពងាយស្រួលសម្រាប់កម្មវិធីហ្វឹកហាត់កុំឱ្យជាន់ ទៅនិងកម្មវិធីសិក្សារបស់គេ ដោយនិងមានការសម្របសម្រួលកន្លែងសិក្សា រៀនសូត្រ មកនៅជិតនិងទីតាំងហ្វឹកហាត់តែម្តង។ ទន្ទឹមនិងនោះ ក៏ពង្រឹងនូវវិន័យសម្រាប់ការហ្វឹកហាត់ និងកម្មវិធីប្រកួតដែល កីឡាករ កីឡាការិនី និងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិឆ្នាំ ២០២៦ ពិសេស គឺកីឡាអាស៊ីហ្គេម នៅអំឡុងខែ កញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ដែលជាគោលដៅសំខាន់របស់សហព័ន្ធប្រដាល់សកលកម្ពុជាតែម្តង។

ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៦នេះ សហព័ន្ធកីឡាប្រដាល់កលកម្ពុជា ក្រៅពីពង្រឹងទៅលើវិន័យ ក៏ដូចជាកម្មវិធីហ្វឹកហាត់ ក្នុងនោះសហព័ន្ធ ក៏បានធ្វើការណែនាំឱ្យកីឡាករ ត្រៀមចូលរួមការប្រកួតដែលជាការរៀបចំរបស់ សហព័ន្ធ មានជាប្រចាំខែ ដែលជាការជំរុញអភិវឌ្ឍន៍សមត្ថភាព កីឡាករ កីឡាការិនីជម្រើសជាតិ។
សូមជម្រាបជូនផងដែរថា សម្រាប់កីឡាករថ្នាលជម្រើសជាតិ ក្នុងឆ្នាំ២០២៦នេះ នឹងមានការចែកចេញជា២ ដោយមួយ ហ្វឹកហាត់សម្រួចត្រៀម កីឡាយុវជនអាស៊ីហ្គេម ឆ្នាំ២០២៦ នៅប្រទេសអូបេគីស្ថាន និងមួយក្រុមទៀតសម្រួចការហ្វឹកហាត់ត្រៀម កីឡាយុវជនអាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០៣១៕