សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាកំពុងខ្នះខ្នែងបញ្ចូលក្បាច់គុនមរតកជាតិមួយនេះជាប្រភេទកីឡាមួយក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន ឬ ASEAN University Games ឆ្នាំ២០២៨ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នេះបើតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានថ្មីសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ចប់អាណត្តិទី៥ ឆ្នាំ២០២១-២០២៥ បន្តអាណត្តិថ្មី ទី៦ ឆ្នាំ២០២៦-២០៣០ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមថា ម្ចាស់ផ្ទះកម្ពុជាក៏កំពុងតស៊ូមតិក្នុងការដាក់បញ្ចូលក្បាច់គុនល្បុក្កតោក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០៣១ផងដែរដែលជាព្រឹត្តិការណ៍មានការចូលរួមពី៤៥ប្រទេសក្នុងទ្វីបអាស៊ី។ នេះជាបេសកកម្មធំដែលសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាត្រូវធ្វើក្នុងអាណត្តិថ្មី ដើម្បីបន្តជោគជ័យពីអាណត្តិចាស់មកទៀត។

ឯកឧត្ដម វ៉ាត់ ចំរើន បន្តថា ក្នុងអាណត្តិថ្មីនេះដែរ សហព័ន្ធត្រូវបង្កើតការផ្សព្វផ្សាយឱ្យបានតែច្រើនថែមទៀតនូវក្បាច់គុនល្បុក្កតោក្នុងស្រទាប់មហាជនក្នុងស្រុក ក៏ដូចជាការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយទៅក្រៅប្រទេស ក៏ដូចជាការផ្សព្វផ្សាយនូវកម្រិតជំនាញ និងមានឯកភាពគ្នាលើបច្ចេកទេសនីមួយៗ។
សូមបញ្ជាក់ថា ឯកឧត្ដម វ៉ាត់ ចំរើន ទទួលបានការគាំទ្រជាប្រធានថ្មីនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ខណៈឯកឧត្ដមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលជាប្រធានអាណត្តិចាស់ត្រូវបានគាំទ្រជាប្រធានកិត្តិយសអស់មួយជីវិត៕
