ទោះបីអាចទទួលបានជ័យជម្នះក្នុងការបង្ហាញខ្លួនសាជាថ្មីលើសង្វៀនប្រដាល់សកល កីឡាការិនី វី ស្រីខួច ហាក់មិនសូវពេញចិត្តចំពោះគុណផលរបស់ខ្លួនឡើយ ព្រោះខកខានប្រកួតយូរតាំងពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ម្ល៉េះ។

ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ២០២៣ រៀបរាប់បែបនេះក្រោយឈ្នះកីឡាការិនីអ៊ីរ៉ង់ Sahel ដោយពិន្ទុក្នុងការប្រកួតកីឡាប្រដាល់សកលកម្មវិធី Dragon the Golden Ring នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក កាលល្ងាចថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦។

កីឡាការិនីមានប្រភពពីក្រុងតាខ្មៅ ខេត្តកណ្ដាល ថ្លែងបែបនេះ “៖ ខានប្រកួតសកលតាំងពីស៊ីហ្គេមហើយ។ កាលពីមុននៅក្មេង អ៊ីចឹងកម្លាំងនៅពេញ តែឥឡូវរាងចុះខ្សោយបន្តិចហើយ។ ណាមួយគាត់ខ្ពស់ជាងផង បោះតែបន្តិចដល់យើងទៅហើយ។ ប្រសិនបើខ្ញុំមានកម្លាំងពេញដូចមុន អាចនឹងល្អមើលជាងនេះ។ អ៊ីចឹងបើមានឱកាសទៀត ខ្ញុំនឹងធ្វើឱ្យបានល្អជាងហ្នឹង។”

បច្ចុប្បន្ន វី ស្រីខួច បានសាងគ្រួសារ និងមានកូន២នាក់ហើយ ប៉ុន្តែនាងនៅតែបន្តចាប់អាជីពលើសង្វៀនមួយនេះ ដោយបាននិងកំពុងហ្វឹកហាត់នៅសាលកីឡាប្រដាល់សកលនាពហុកីឡដ្ឋានជាតិអូឡាំពិក៕