ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី១៤ ឆ្នាំ ២០២៦ នឹងមានកម្មវិធីពិសេសៗជាច្រើនដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គម្រប់ព្រះជន្ម ៩០ យាងចូល ៩១ ព្រះវស្សា។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មកាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ដោយសារឆ្នាំនេះជាឆ្នាំដ៏ធំ គណៈកម្មការរៀបចំបានត្រៀមកម្មវិធីពិសេស ដោយមានចម្រៀងថ្វាយព្រះពរ និង សកម្មភាពពិសេសៗជាច្រើនទៀត។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៤ ខែមិថុនា។
ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមទៀតថា ទិវាកម្រិតអន្តរជាតិនេះធ្វើឡើងដើម្បីអបអរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បន្តសកម្មភាពសប្បុរសធម៌ ដោយស្វែងរកមូលនិធិជួយ មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងនោះដែរ គណៈកម្មការត្រៀមប្រគល់ជូនថវិកាចំនួន ៥០០០ ដុល្លារអាមេរិក។ គោលបំណងពិសេសមួយទៀត គឺ ផ្សព្វផ្សាយពីកេរ្ដិ៍ឈ្មោះ និង ទេសចរណ៍ក្នុងរាជធានីភ្នំពេញ ក៏ដូចជំរុញសកម្មភាពកីឡាដើម្បីសុខភាព។

ចំណែកលោក សែម ផល្លា នាយកបច្ចេកទេសម៉ារ៉ាតុងនៅកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងមានការចូលរួមវាស់វែងផ្លូវពី គណៈកម្មការម៉ារ៉ាតុងពិភពលោក និងទទួលស្គាល់ពី សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ។ សម្រាប់ចម្ងាយផ្លូវមានដូចជា ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។
គិតមកទល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមប្រមាណ ៣០០០ នាក់ ហើយគណៈកម្មការរៀបចំរំពឹងថា នឹងមានអ្នករត់ដល់ទៅខ្ទង់ពី ៥០០០ ទៅ ៦០០០នាក់៕
